ចង់ចងជើង PSG ត្រៀមធ្វើឲ្យ Mbappe ក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេលើលោក
ក្លឹបអ្នកមាន Paris Saint-Germain បានដាក់សំណើមួយលើកុងត្រារបស់ Kylian Mbappe គឺនឹងធ្វើឲ្យគេក្លាយជាកីឡាករបាល់ទាត់មានថ្លៃពលកម្មខ្ពស់ជាងគេលើលោក។
កីឡាករវ័យ២៣ឆ្នាំនៅសល់កុងត្រាតែរយៈពេល៤ខែទៀតប៉ុណ្ណោះជាមួយ PSG ហើយបច្ចុប្បន្នគេកំពុងមានសិទ្ធិចរចាជាមួយក្លឹបផ្សេងៗនៅតំបន់អឺរ៉ុប លើការផ្ទេរដោយគ្មានតម្លៃខ្លួន។
ខ្សែប្រយុទ្ធរូបនេះគឺជាគោលដៅរបស់ក្លឹប Real Madrid ដែលធ្លាប់បានដាក់សំណើទិញលើកីឡាករសញ្ជាតិបារាំង២ដងរួចទៅកាលកាលពីរដូវក្ដៅមុន។ យ៉ាងណាមិញ សំណើទាំងពីរលើករបស់ Madrid ត្រូវបានបដិសេធពីម្ចាស់ក្លឹប PSG។
យោងតាម Independent ក្លឹបយក្សក្នុង Ligue 1 បានត្រៀមរួចរាល់នឹងធ្វើឲ្យ Mbappe ក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងពិភពលោក។ ពួកគេបានដាក់សំណើលើកុងត្រាថ្មី ដោយកីឡាអាចទទួលបានថ្លៃនឿយហត់ក្បែរ១លានផោនក្នុងមួយសប្ដាហ៍។ ការធ្វើបែបនេះដោយសារតែ PSG ចង់បិទផ្លូវកុំឲ្យ Real អាចចរចាជាមួយ Mbappe បាន៕
Comments
Post a Comment